កាលបរិច្ឆេទ: ០៨ តុលា ២០២១ / ម្ហូបអាហារ
អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានកំណត់ចក្ខុវិស័យ និងផ្តល់អនុសាសន៍មួយចំនួនទាក់ទិននឹងការបង្កើតគោលនយោបាយនានាដើម្បីធានាឲ្យមានប្រព័ន្ធចំណីអាហារប្រកបដោយនិរន្តភាពនៅកម្ពុជា។ អង្គការក៏បានកំណត់ទិសដៅផងដែរថា ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ ប្រជាជនខ្មែរទូទាំងប្រទេសនឹងអាចទទួលបានអាហារដែលមានសុវត្ថិភាព និងមានប្រយោជន៍ដល់សុខភាព។
ឯកសារមួយចុះផ្សាយកាលពីថ្ងៃទី១៥ កញ្ញា បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលពីរទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចរឹងមាំ និងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព និងលើគ្រប់វិស័យ ព្រមទាំងបានកាត់បន្ថយភាពក្រីក្រដែលមានកម្រិតខ្ពស់នៅកម្ពុជាផងដែរ។
ប៉ុន្តែបើទោះបីជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់បែបនេះក្តី ក៏នៅតែមានវិសមភាពនៅក្នុងសង្គមដដែល ពោលគឺ ២២% នៃប្រជាជនទាំងអស់នៅតែមិនអាចទទួលបានចំណីអាហារល្អសម្រាប់សុខភាពនៅឡើយ។
«អត្រាកង្វះអាហារូបត្ថម្ភនៅតែមានកម្រិតខ្ពស់សម្រាប់កុមារអាយុក្រោមប្រាំឆ្នាំ ក្នុងនោះ ៣២,៤% នៃកុមារមានបញ្ហាការលូតលាស់យឺតយ៉ាវ ២៤% ជួបបញ្ហាមានទម្ងន់មិនគ្រប់ស្តង់ដារ និង ១០% មានបញ្ហាស្គមស្គាំង»។ ឯកសារដដែលក៏បានកត់សម្គាល់ផងដែរថា៖ «កម្ពុជាស្ថិតក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ដែលទទួលរងផលប៉ះពាល់ខ្លាំងពីគ្រោះមហន្តរាយធម្មជាតិដែលបង្កឡើងជាពិសេសដោយសារបំរែបំរួលអាកាសធាតុ»។
ប៉ុន្តែឯកសារបានគូសបញ្ជាក់ថា មានកត្តាជាច្រើនដែលជាមូលហេតុនៃការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារនេះ ហើយក៏បានផ្តល់ជាគន្លឹះសំខាន់ៗសម្រាប់កំណែទម្រង់នៅក្នុងវិស័យផ្សេងៗ។ ឯកសារដដែលនេះបានផ្តល់ជាអនុសាសន៍ថា៖ «នៅឆ្នាំ២០៣០ខាងមុខនេះ ប្រជាជនខ្មែរទាំងអស់ [ត្រូវ] ទទួលបានរបបចំណីអាហារដែលមានសុវត្ថិភាព និងមានប្រយោជន៍ដល់សុខភាព ជាពិសេសស្រ្តី និងកុមារ ដើម្បីឈានទៅបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភដែលមានលក្ខណៈតំណពូជ និងដើម្បីធ្វើការផ្លាស់ប្តូរអាហារូបត្ថម្ភ»។
ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ កម្ពុជាត្រូវចាប់ផ្តើមសកម្មភាពនៅក្នុងវិស័យជាច្រើនសំដៅធានាឲ្យបាននូវសុវត្ថិភាពចំណីអាហារ និងអាហារូបត្ថម្ភ និងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានសេវាកម្មសុខភាព និងសេវាកម្មអាហារូបត្ថម្ភឲ្យកាន់តែទូលំទូលាយជាងមុន។ កម្ពុជាត្រូវបង្កើតការងារ បំផុសស្មារតីអ្នកប្រើប្រាស់ឲ្យយល់ដឹងពីបញ្ហាសុខភាពតាមរយៈការអប់រំ ជំរុញលើកកម្ពស់ការធ្វើកសិកម្មបែបទំនើប និងអភិវឌ្ឍខ្សែសង្វាក់តម្លៃអាហារូបត្ថម្ភ ដើម្បីឈានទៅពង្រីកប្រភេទដំណាំកសិកម្មថ្នាក់ជាតិដោយមានការចូលរួមយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ និងដែលអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងៗទៀតនៅលើទីផ្សារបាន។ ម្យ៉ាងវិញទៀត កម្ពុជាត្រូវជំរុញលើកទឹកចិត្តឲ្យមានការផលិតចំណីអាហារដែលមានសុវត្ថិភាព និងមានគុណប្រយោជន៍សម្រាប់សុខភាព ឲ្យមានការផ្គត់ផ្គង់ទឹកប្រើប្រាស់ និងទឹកស្អាត និងអនាម័យក្នុងការរស់នៅ តាមរយៈការអប់រំបំផុសស្មារតីសាធារណជន និងតាមរយៈការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងផ្តល់សេវាកម្មគាំពារសង្គមឲ្យបានទូលំទូលាយ៕